នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jeremy Zwinger ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ The Rice Trader (TRT) និងជាស្ថាបនិក World Rice Conference (WRC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានសម្ដែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះវិស័យស្រូវអង្ករ, ឡូជីស្ទីក, និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមទាំងបានបង្ហាញនូវជំនឿជឿជាក់ប្រកបដោយសុទិដ្ឋិនិយមអំពីសក្ដានុពលរបស់កម្ពុជា។ លោកប្រធានក្រុមហ៊ុនក៏បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នាទីក្រុងម៉ានិល ប្រទេសហ្វីលីពីន និងបង្ហាញអំពីការគាំទ្រដល់កម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥ នេះផងដែរ។ ជាមួយគ្នានេះ, លោកប្រធានក្រុមហ៊ុនក៏បានសម្ដែងនូវក្តីសោមនស្សរីករាយ ដែលបានចូលរួម និងសហការជាមួយនឹងកម្ពុជា ក្នុងវិស័យស្រូវអង្ករ នាពេលកន្លងមក។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះលោកប្រធានក្រុមហ៊ុន ដែលបានគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥នេះ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា ដំណាំស្រូវគឺជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់នានារបស់រាជរដ្ឋាភិបាល នៅក្នុងការគាំទ្រទៅដល់ផលិតកម្មស្រូវអង្កររបស់កម្ពុជា ដើម្បីធានាឱ្យបាននូវភាពប្រកួតប្រជែង ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីក សំដៅសម្រួលទៅដល់ការដឹកជញ្ជូន និងកាត់បន្ថយថ្លៃដើមផងដែរ។a
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ដំណាំស្រូវនៅតែជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា
នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប, អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគោរពជម្រាបជូនសម្តេចបវរធិបតី អំពីវឌ្ឍនភាព និងសកម្មភាពការងាររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការចូលរួមចំណែកជំរុញការនាំចេញស្រូវអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ អ្នកឧកញ៉ាក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់លើគុណភាពស្រូវអង្ករកម្ពុជា, ការប្រមូលទិញស្រូវពីប្រជាកសិករ, ការរៀបចំសម្ងួត, ការស្ដុកទុក និងការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិ។
សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យស្រូវ អង្ករ និងបានគូសបញ្ជាក់ថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា និងបានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា បន្តសហការឱ្យកាន់តែជិតស្និទ្ធិថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដើម្បីជំរុញការនាំចេញផ្ទាល់ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាមួយតម្លៃបន្ថែមខ្ពស់, ក៏ដូចជាការចូលរួមផ្តល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់ប្រជាកសិករ សំដៅលើកកម្ពស់គុណភាពផលិតផល និងបង្កើនផលិតភាព ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីការវិវឌ្ឍរីកចម្រើននៃផលិតកម្មស្រូវអង្ករកម្ពុជា ឱ្យបានទូលំទូលាយ៕
ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា
នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន Evercore Asia បានកោតសរសើរភាពជោគជ័យនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន និងបានបង្ហាញអំពីចំណាប់អាម្មណ៍របស់ក្រុមហ៊ុន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ, វិស័យសុខាភិបាល និងវិស័យទេសចរណ៍។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន និងគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា ដោយកម្ពុជាបច្ចុប្បន្នកំពុងប្រើប្រាស់ថាមពលកកើតឡើងវិញចំនួនជាង ៦២% និងបានដាក់គោលដៅឆ្ពោះទៅសម្រេចការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០%នៅឆ្នាំ២០៣០។ បន្ថែមលើនោះ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីការដាក់ចេញគោលនយោបាយគាំទ្រដល់វិស័យសុខាភិបាល ដូចជាការពង្រឹងនិងពង្រីកសេវាសុខាភិបាលនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ សម្ដេចបវរធិបតីបានបន្តទៀតថា កម្ពុជានៅមានសក្ដានុពលលើវិស័យជាច្រើនទៀត ដែលក្រុមហ៊ុនអាចពិចារណា ដែលរួមមាន ដូចជា៖ វិស័យកសិកម្ម, កម្មន្តសាល, ហិរញ្ញវត្ថុ និងធនាគារ។ ក្នុងន័យនេះ, សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័ន និងជំរុញការភ្ជាប់ទំនាក់ទំនង និងកិច្ចសហការរវាងវិស័យឯកជននៅក្រៅប្រទេស និង វិស័យឯកជននៅកម្ពុជា៕
ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញ ចុះអន្តរាគមន៍បូមទឹកជួយស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន២ឃុំ ក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ និង ឃុំដូនតី ស្រុកពញាក្រែក សរុបប្រមាណជាង៣០០ហិកតា នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។
ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕
រូបភាព &អត្ថបទ ៖រដ្ឋបាលខេត្តត្បូងឃ្មុំ
សមណសិស្ស/សិស្ស ជាង ៦៣២អង្គ/នាក់ នៅខេត្តត្បូងឃ្មុំ
បានចូលរួមប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក ឆ្នាំសិក្សា
២០២៤-២០២៥ ខេត្តត្បូងឃ្មុំ ដែលបានធ្វើឡើង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥
ដោយបានធ្វើពិធីបើកវិញ្ញាសាប្រឡង តាមមណ្ឌលប្រឡង ចំនួន ៣ រួមមាន ៖
មណ្ឌលពញាក្រែក មណ្ឌលអូររាំងឪ និងមណ្ឌលត្បូងឃ្មុំ ។
ចំពោះមណ្ឌលពញាក្រែក
ពិធីកាត់ស្រោមវិញ្ញាសាប្រឡង វិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក
សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ធ្វើឡើងនៅសាលាអនុវិទ្យាល័យត្រពាំងផ្លុង
ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ក្រោមព្រះអធិបតីភាព និងអធិបតីភាព
ព្រះវិន័យសត្ថា តេង ហែ ព្រះរាជាគណៈថ្នាក់កិត្តិយស
និងជាព្រះវិញ្ញូវេទីបាឡាត់គណខេត្តត្បូងឃ្មុំ លោក ហាក់ ហុន
ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកស្រី លី ស៊ីថុល អភិបាលរងស្រុក
តំណាងលោក លី សុភាលីន អភិបាល នៃគណអភិបាលស្រុកពញាក្រែក និងប្រតិភូ
សាលាពុទ្ធិកសិក្សា នៃក្រសួងធម្មការ និងសាសនា ព្រមទាំងព្រះមន្រ្តីសង្ឃខេត្ត
ស្រុក និងគណៈកម្មការរៀបចំការប្រឡង នៃមន្ទីរធម្មការ និងសាសនាខេត្ត
ជាច្រើនអង្គ/នាក់។
សូមជម្រាបជូនថា ៖
ការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា
២០២៤-២០២៥ នៅខេត្តត្បូងឃ្មុំ មានបេក្ខសមណសិស្ស/សិស្ស ចូលរួមប្រឡង ប្រមាណ
ជាង ៦៣២អង្គ/នាក់ មាន ៣ មណ្ឌល រួមមាន ៖
១-មណ្ឌលពញាក្រែក ៖
នៅសាលាបឋមសិក្សាត្រពាំងផ្លុង ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក
ខេត្តត្បូងឃ្មុំ មានបេក្ខសមណ:/បេក្ខជន ចូលរួមប្រឡង ចំនួន ២៥០អង្គ/នាក់
២-មណ្ឌលអូររាំងឪ
៖ នៅសាលាបឋមសិក្សាដំរិល ស្ថិតនៅភូមិដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
មានបេក្ខសមណសិស្ស/សិស្ស ចូលរួមប្រឡង ចំនួន ១៨៧អង្គ/នាក់
៣-
មណ្ឌលត្បូងឃ្មុំ ៖ នៅសាលាពុទ្ធិកបឋមសិក្សាបុញ្ញក្ខេត្តារាម ស្ថិតនៅឃុំជប់
ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានបេក្ខសមណសិស្ស/សិស្ស ចូលរួមប្រឡង ចំនួន
១៩៥អង្គ/នាក់ ។
ត្បូងឃ្មុំ៖នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងសភាពការណ៍ទូទៅ ទូទាំងខេត្តត្បូងឃ្មុំ ធានាឲ្យបានសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត នាយក-នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការសាលាខេត្ត អភិបាល អភិបាលរងស្រុក/ក្រុងទាំង៧ និងអ្នកពាក់ព័ន្ធជាច្រើនរូប។
រូបភាព &អត្ថបទ ៖រដ្ឋបាលខេត្តត្បូងឃ្មុំ
ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤៖ ឯកឧត្តម ឡុង ធាម និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំខេត្ត ប្រធានសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង ៣ ប្រភេទ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ យុវជន សិស្សានុសិស្ស និង យុវជន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ២០២៤ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ។
រូបភាព និងអត្ថបទ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ ៖ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដម ជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ៣ខ្សែ ដោយខ្សែទី១ មានប្រវែង ១៧,៥៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅដល់ភូមិភ្នំក្រហម ឃុំបឹងល្វារ ស្រុកសន្ទុក ខេត្តកំពង់ធំ ជាលទ្ធផលសម្រេចបានប្រមាណ ៩៧% ហើយគ្រោងនឹងបញ្ចប់ នៅចុងខែកញ្ញា ឆ្នាំ២០២៤នេះ។
ផ្លូវខ្សែទី២ មានប្រវែង១២,៥០គីឡូម៉ែត្រ តភ្ជាប់ពីភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ទៅដល់ភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជាលទ្ធផលសម្រេចបានប្រមាណ ៨៥% ហើយគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២៤ ។
និងផ្លូវខ្សែទី៣ មានប្រវែង ១២,៣០០ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧ ត្រង់ចំណុចភូមិព្រះពន្លា ឃុំកណ្ដោលជ្រុំឆ្ពោះទៅភូមិពង្រ ឃុំនាងទើត ស្រុកពញាក្រែក ខេត្តត្បូងឃ្នុំ ក្នុងក្របខណ្ឌគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ក្រោមហិរញ្ញប្បទានធនាគារពិភពលោក ។ជាលទ្ធផលសម្រេចបានប្រមាណ ៣០% គ្រោងនឹងបញ្ចប់នៅ ខែសីហា ឆ្នាំ២០២៥។
ជាមួយគ្នានោះ ឯកឧ្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានធ្វើការផ្ដាំផ្ញើដល់ក្រុមអ្នកបច្ចេកទេសប្រចាំការនៅការដ្ឋាន ត្រូវជម្រុញការស្ថាបានឱ្យបានទាន់ពេលាដែលបានកំណត់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមគំនូសប្លង់បច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូអង្វែង ព្រមទាំងសំណូមពរសុំឱ្យអាជ្ញធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលថ្មីនេះឱ្យបានល្អ ប្រើសប្រាស់បានយូរអង្វែងផងដែរ។
នាឱកាសអញ្ជើញចុះត្រួតពិនិត្យខ្សែផ្លូវទាំង ៣ខ្សែនេះផងដែ ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋនៅទីនោះផងដែរ៕
រូបភាព &អត្ថបទ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ
ស្រុកមេមត់៖នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមពិធីបើកការដ្ឋានស្ថាបនាផ្លូវចំនួន១ខ្សែ ប្រវែង ៦.៥៧០ ម៉ែត្រ ស្ថិតនៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រមទាំងចុះពិនិត្យវឌ្ឍនៈភាពសាងសង់ផ្លូវក្រាលកៅស៊ូ២ជាន់ និងវឌ្ឍនៈភាពការអភិវឌ្ឍដីសម្បទានសង្គមកិច្ចអតីតយុទ្ធជននៅតាមបន្ទាត់ព្រំដែន ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។
នៅព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ស្យាហារ៉ូឌីន ប៊ីន អ៊ន(Shaharuddin Bin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ឯកឧត្តម Shaharuddin Bin Onn និងសហការី និងបានអបអរសាទរដល់ឯកឧត្តម Shaharuddin Bin Onn ដែលទទួលបានការតែងតាំងជាឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថាឯកឧត្តមអគ្គរាជទូត និងខិតខំបន្តជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យបានកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។ សម្ដេចតេជោក៏សូមសម្ដែងនូវការចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម Datuk Mutang Tagal ដែលជាប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែឧសភាកន្លងទៅនេះ ។ សម្តេចប្រធាន ក៏បានរម្លឹកពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម Anwar Ibrahimនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅកម្ពុជា កាលពីដើមឆ្នាំ២០២៣ និងបានអញ្ជើញសម្តេចទៅទស្សនកិច្ចនៅម៉ាឡេស៊ីវិញនាពេលនោះ។ បើទោះបីជាសម្តេចពុំបានឆ្លើយតបទៅនឹងការអញ្ជើញរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយសារកត្តាពេលវេលា ប៉ុន្តែនៅខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី ដែលជាការបង្ហាញពីការបន្តទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ីមិនដាច់រយៈដោយបន្តពីថ្នាក់ដឹកនាំចាស់ មកថ្នាក់ដឹកនាំថ្មី។
ឯកឧត្តមអគ្គរាជទូត បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានផ្តល់កិត្តិយស និងពេលវេលាដ៏មានតម្លៃដល់ឯកឧត្តម និងសហការី។ ឯកឧត្តម ក៏បានអបអរសាទរចំពោះ សម្ដេចតេជោដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា។ ឯកឧត្តមបានលើកឡើងថា សម្ដេចតេជោ បានសម្រេចនូវសមិទ្ធផលដ៏ធំធេង ជាពិសេស សុខសន្តិភាព និង ជាអ្នកប្រែក្លាយប្រទេសកម្ពុជាពីភាពដុនដាប មកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តម បានបន្តថា ការផ្លាស់ប្តូរអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា គឺប្រើរយៈពេលខ្លីណាស់ ដោយគ្រាន់តែអគ្គរាជទូតចាស់ចេញផុតភ្លាម អគ្គរាជទូតថ្មីក៏បានមកដល់ និងចាប់ផ្តើម ធ្វើការភ្លាម ដោយសារតែប្រទេសម៉ាឡេស៊ី បានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមអគ្គរាជទូត បានបង្ហាញនូវការវាយតម្លៃខ្ពស់លើទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី និងប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ និងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេស បន្តអនុវត្តនូវគម្រោងនៃកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីចុងខែកុម្ភៈកន្លងទៅ ដូចជាវិស័យពាណិជ្ជកម្ម និងវិនិយោគ ការងារនិងការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ (TVET) ការតភ្ជាប់ បច្ចេកវិទ្យាឌីជីថល និងឧស្សាហកម្មអាហារហាឡាល់ (Halal)។ ឯកឧត្តម ក៏បានបញ្ជាក់ជូនសម្តេចតេជោ បន្ថែមផងដែរថា ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល រវាងអ្នកវិនិយោគ និងថ្នាក់ដឹកនាំធុរកិច្ច និងរវាងប្រជាជននៃប្រទេសទាំងពីរ គឺមានការរីកចម្រើនល្អប្រសើរ និងត្រូវតែពង្រឹងបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការពេញចិត្ត និងមោទនភាព ដែលក្នុងរយៈពេលនៃការដឹកនាំរបស់សម្តេច ក្នុងឋានៈជានាយករដ្ឋមន្ត្រី បានចូលរួមកសាង និងពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ រហូតបានក្លាយជាមូលដ្ឋានសម្រាប់ការបន្តជំរុញកិច្ចសហប្រតិបត្តិការដល់ថ្នាក់ដឹកនាំជំនាន់ថ្មី ក៏ដូចជាអ្នកនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។ សម្តេច មានប្រសាសន៍បន្ថែមថា សម្ដេច និងថ្នាក់ដឹកនាំជំនាន់ចាស់ដទៃទៀត បានចាកចេញពីស្ថាប័ននីតិប្រតិបត្តិ តែពុំបានទៅណាឆ្ងាយនោះទេ ដោយមួយចំនួនស្ថិតនៅក្នុងព្រឹទ្ធសភា និង រដ្ឋសភា ហើយនៅតែធ្វើការជាប់នឹងនយោបាយដែលមានលទ្ធភាពក្នុងការជួយជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែប្រសើរឡើង។
សម្តេចប្រធាន ពេញចិត្តចំពោះកំណើនការវិនិយោគពីម៉ាឡេស៊ី និងកំណើនទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសគឺការទិញអង្ករពីកម្ពុជា ដែលជួយដល់កសិករកម្ពុជាខិតខំដាំដុះបន្ថែមទៀត និង ដល់សន្តិសុខស្បៀងរបស់ម៉ាឡេស៊ី ។ សម្តេច លើកទឹកចិត្តឱ្យមានការជំរុញការវិនិយោគនិងផ្លាស់ប្ដូរទំនិញផ្សេងៗទៀត។ សម្ដេចតេជោបានចាត់ទុកថាការដឹកទំនិញតាមផ្លូវទឹករវាងកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែម៉ាឡេស៊ីនៅជិតគ្នាណាស់ ដែលផ្ដល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូលតាមផ្លូវទឹក។
កាលពីខែមីនា ឆ្នាំ២០២៣ សម្តេច និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានពិភាក្សាពីការតភ្ជាប់ខ្សែកាបក្រោមបាតសមុទ្រដែលឆ្លងកាត់បាតសមុទ្រម៉ាឡេស៊ី ដើម្បីបញ្ជូនអគ្គិសនីពីកម្ពុជា ទៅសឹង្ហបុរី។ ដូច្នេះ កម្ពុជា និងម៉ាឡេស៊ី នឹងមានការតភ្ជាប់ការដឹកជញ្ជូន ការតភ្ជាប់ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ថាមពល ដើម្បីធានាសន្តិសុខថាមពល ដល់ម៉ាឡេស៊ីផង និងអាស៊ានផង។ ម៉ាឡេស៊ីទិញអង្ករពីកម្ពុជា បានជួយដល់សេដ្ឋកិច្ចកម្ពុជា និងធានាសន្តិសុខស្បៀងម៉ាឡេស៊ី ហើយកម្ពុជាក៏ទិញប្រេងដូងពីម៉ាឡេស៊ីវិញ នេះគឺជាការបំពេញឱ្យគ្នាទៅវិញទៅមក។
ទាក់ទងទៅនឹងឧស្សាហកម្មម្ហូបហាឡាល់ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថារហូតមកដល់ពេលនេះ យើងពុំទាន់ជោគជ័យនៅឡើយទេ ហើយថ្មីៗនេះក្នុងឱកាសបំពេញទស្សនកិច្ចរបស់សម្ដេចធិបតីទៅម៉ាឡេស៊ី ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពឱ្យក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរជំរុញការផលិតម្ហូបអាហារហាឡាល់នេះ ដោយសហការជាមួយវិស័យឯកជន។ សម្តេច បានបន្ថែមថា កម្ពុជាមានសក្តានុពលក្នុងវិស័យនេះ ហើយម៉ាឡេស៊ី ក៏ចង់ជួយសេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំចេញអាហារហាឡាល់នេះទៅក្រៅប្រទេស ដូចនេះហើយ សម្តេចពិតជាចង់ឃើញ គម្រោងនេះសម្រេចជោគជ័យជាក់ស្តែងនាពេលខាងមុខដ៏ខ្លី។
សម្ដេចតេជោបានរំលឹកពីការផ្ទេរតំណែងពីជំនាន់ចាស់ទៅជំនាន់ថ្មី ហើយក្នុងរយៈពេល ៩ខែកន្លងមកនេះ សុខសន្តិភាពត្រូវបានធានា, ស្ថិរភាពនយោបាយ និងសេដកិច្ច ស្ថិតស្ថេរ និងកំណើនសេដ្ឋកិច្ច នៅតែបន្តកើនឡើង។ ឆ្នាំនេះកម្ពុជាសង្ឃឹមថាកំណើនសេដ្ឋកិច្ចអាចនឹងឈានដល់៦% ដោយវិស័យឧស្សាហកម្ម និងទេសចរណ៍ជាដើម។ សម្ដេចតេជោបានស្នើឱ្យ ឯកឧត្តមឯកអគ្គរាជទូតបន្តការខិតខំ ពង្រឹងបន្ថែមទៀត ជាពិសេសការសម្រេចឱ្យបាននូវឧស្សាហកម្មម្ហូបហាឡាល់ ដើម្បីផ្គត់ផ្គង់ទៅតំបន់ផ្សេងទៀត។
សម្ដេចតេជោបានផ្ដល់អនុសាសន៍ថា កម្ពុជាបានផ្ដល់អាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងបានជំរុញឱ្យភាគីម៉ាឡេស៊ី យកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបម្រើសេចក្តីត្រូវការរបស់វិនិយោគិនម៉ាឡេស៊ី និងកម្ពុជាផង និងតម្រូវទីផ្សារការងារ នៅប្រទេសម៉ាឡេស៊ីដែលខ្វះពលកម្មនោះផង។
សម្ដេចតេជោ និង ឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានឯកភាពគ្នាទៅលើសភាពការណ៍នៅមីយ៉ាន់ម៉ា ដែលនៅតែជាបញ្ហាធំ និងស្មុគស្មាញ សម្រាប់ប្រទេសអាស៊ាន និងជាបន្ទុកដ៏ធំផងដែរសម្រាប់ម៉ាឡេស៊ីដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំខាងមុខនេះ។ អំពីបញ្ហានៅមជ្ឈឹមបូព៌ា សម្ដេចតេជោ និងឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី មើលឃើញថា សភាពការណ៍នៅតែតានតឹងនៅឡើយ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ីនៅតែមានគោលជំហរដដែល គឺបញ្ហានៅមជ្ឈឹមបូព៌ា គឺត្រូវការឱ្យមានបទឈប់បាញ់ ដើម្បីកាត់បន្ថយការបាត់បង់ជីវិតមនុស្ស។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានស្នើសុំសម្ដេចតេជោទៅបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី។ សម្ដេចតេជោបានឆ្លើយតបថា សម្តេចទទួលយកការអញ្ជើញដោយក្តីរីករាយ ហើយ នឹងរកពេលវេលាសមស្របណាមួយនៅពេលខាងមុខដើម្បីអញ្ជើញបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី ។
ជាទីបញ្ជប់ សម្តេចតេជោ បានជូនពរឯកឧត្តមអគ្គរាជទូត និងមន្រ្តីស្ថានទូតម៉ាឡេស៊ីទាំងអស់ មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច នៃបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ និង រូបភាព ៖ FB_page Samdech Hun Sen of Cambodia
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ TVET រៀនឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តត្បូងឃ្មុំ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុំ វាសនា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោក យ៉ាន់ សុខា នាយកមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត អភិបាលក្រុងស្រុក លោក លោកស្រីជាម្ចាស់ក្រុមហ៊ុន សហគ្រាស អង្គការ សមាគមន៍ វិស័យឯកជន តំណាងអង្គការមិនមែនរដ្ឋាភិបាល សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូប។
សូមបញ្ជាក់ផងដែរថា៖ ទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ “ TVET រៀនឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ប្រារពឡើងក្នុងគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយនិងជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សក្រីក្រ គ្មានលទ្ធភាព សិក្សារៀនសូត្រ ហើយបោះបង់ចោលការសិក្សាឱ្យមានឱកាសក្នុងការសិក្សារៀនសូត្រ ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដើម្បីបង្កើតឱ្យមានការងារធ្វើ និងស្របទៅតាមគោលដៅយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនកាងារ សមធម៌ ប្រសិទ្ធភាព និងចេរភាព របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ
ក្រុមហ៊ុន TOYOTA TSUSHO MANUFACTURING (CAMBODIA) CO., LTD ជាក្រុមហ៊ុនដំឡើងរថយន្តលំដាប់អន្តរជាតិមួយបន្ថែមទៀតបន្ទាប់ពីក្រុមហ៊ុន RMA Cambodia ដែលបានបើកដំណើរការរោងចក្រដំឡើងរថយន្ត Ford នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០២២ ។
(រាជធានីភ្នំពេញ) ៖ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិវបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតា ស៊ុយស៊ូ មេនូហេ្វកឆឺរីង ខេមបូឌា ឯក (Toyota Tsusho Manufacturing Cambodia) នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ដែលបានបោះទុនវិនិយោគប្រមាណ ៣៦,៨ លានដុល្លាអាមេរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ជាមួយនឹងមានសមត្ថភាពដំឡើងរថយន្តពីរប្រភេទ បានចំនួន ១៣២០ គ្រឿង សម្រាប់ឆ្នាំ២០២៤ ក្នុងនោះ ទី១- ប្រភេទ SUV ម៉ាក Toyota Fortuner ចំនួន ២៩០ គ្រឿង និងទី២- ប្រភេទមួយបាំងកន្លះ (Pick-up truck) ម៉ាក Toyota Hilux ចំនួន ១.០៣០ គ្រឿង ។ នេះជាវឌ្ឍនភាពថ្មីដ៏ល្អវិសេសមួយទៀត សម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជាយើង និយាយដោយឡែក និងក៏ជាសញ្ញាដ៏វិជ្ជមានមួយសម្រាប់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និយាយជារួម។
ក្រុមហ៊ុននេះបានពង្រីកធុរកិច្ចរបស់ខ្លួនតាមរយៈការបង្កើតរោងចក្រ ពិសេសគឺការធ្វើពិពិធកម្មនាំរថយន្តចូលគ្រប់ប្រភេទទាំងស្រុង មកជាការវិនិយោគសង់រោងចក្រតម្លើងរថយន្តទាំងពីរប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាតែម្តង ហើយនេះគឺជាការចូលរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាផងដែរ។ នេះគឺជាមោទនភាពមួយផងដែរ ដែលមានក្រុមហ៊ុនលំដាប់អន្តរជាតិជាបន្តបន្ទាប់ បានផ្តល់នូវទំនុកចិត្តជ្រើសរើសកម្ពុជា ជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្តដើម្បីចែកចាយនៅលើទីផ្សារក្នុងស្រុក និងនាំចេញទៅអន្តរជាតិ ។
រាជរដ្ឋាភិបាល នីតិកាលទី៧ នេះបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ពស់ ដោយក្នុងនោះ ដោយបញ្ចកោណទី២ “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ការបង្កើន ភាពប្រកួតប្រជែង” រាជរដ្ឋាភិបាលបានផ្តោតលើកិច្ចការអាទិភាពចំនួន៥ ដោយកិច្ចការអាទិភាពទី៣ ការកែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបន្តកែលម្អបរិយាកាសអំណោយផល ដល់ការធ្វើធុរកិច្ច, ការធ្វើពាណិជ្ជកម្ម និង ការវិនិយោគ តាមរយៈ ការសម្រួល និង ការធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា, ការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្តល់សេវាសាធារណៈ និង កិច្ចការរដ្ឋបាល, ការពង្រឹងសមត្ថភាពស្ថាប័ន, និង ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន ។
វីដេអូសម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
(ត្បូងឃ្មុំ) ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ក្រោមគំនិតផ្តួចផ្តើមឡើង និងចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ឋសភា និងឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមគ្រូពេទ្យស្មគ្រចិត្តបារាំង ដឹកនាំដោយ ឯកឧត្តម តាន់ វុដ្ឋា ទីប្រឹក្សា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ ឯកឧត្តម សុក ផាណា និងលោក Perruchet Phillipe នាយកក្រុមហ៊ុន Bioderma រួមនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង បានចុះពិនិត្យ ពិគ្រោះ និងព្យាបាលលើជំងឺ សើស្បែក ជំងឺកុមារ និងមនុស្សចាស់ បេះដូង ភ្នែក និងផ្លូវចិត្ត ជូនប្រជាពលរដ្ឋចំនួន ១,២០០នាក់ (ស្រី ៦៥៦នាក់) ដោយឥតគិតថ្លៃ ស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
បន្ថែមលើនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ក៏បានចែកច្រាស់ដុះធ្មេញ ថ្នាំដុះធ្មេញ និងសំលៀកបំពាក់មួយចំនួន ជូនដល់កុមារា កុមារី សរុបចំនួន ៤៤៤នាក់ ផងដែរ។
ការចុះពិនិត្យព្យាបាល និងចែកថ្នាំជូន ដោយឥតគិតថ្លៃនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម និន សុទ្ធីវង្ស, ឯកឧត្តម នេត សេរី, ឯកឧត្តបណ្ឌិត ហេង គឹមអ៊ាន និង ឯកឧត្តមវេជ្ជបណ្ឌិត ហួត គា ទីប្រឹក្សា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ឋសភា អាជ្ញាធរស្រុក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ប្រមាណជិត ៥០ នាក់ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុក និងអ្នកពាក់ព័ន្ធ ជាច្រើនរូប ។
ការងារមនុស្សធម៍ លើវិស័យសុខាភិបាលនេះ គឺបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញារមូលដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បានជួយសម្រួលនូវបន្ទុកសេវាចំណាយ របស់ពួកគាត់បានមួយកម្រិត ផងដែរ ។
សកម្មភាពចុះពិនិត្យ ព្យាបាលនេះ បានស្តែងឱ្យឃើញ ពីការគិតគូយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដោយតែងបានជំរុញឱ្យមន្រ្តីថ្នាក់ក្រោម ត្រូវយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។
នេះជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនា ក្នុងសហគមន៍តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ ព្រោះថាបញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
ទន្ទឹមនោះបន្ទាប់ពីទទួលបានសេវាពិនិត្យ ព្យាបាល និងចែកថ្នាំជូន ដោយឥតគិតថ្លៃ ប្រជាពលរដ្ឋទាំងអស់ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ទាំងអស់ សូមជួបតែសេចក្តីសុខកុំបីឃ្លៀងឃ្លាតឡើយ៕
ត្បូងឃ្មុំ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅសាលប្រជុំ គ (សាលធំ) សាលាខេត្តជាន់ទី ២។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ប្រតិភូ នៃក្រសួងដែនដី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក ប៉ូច សុធារិទ្ធ ប្រធានមន្ទីរសុរិយោដីខេត្ត លោក-លោកស្រី នាយក នាយករងរដ្ឋបាល ទីចាត់ការ នៃរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តី នៃមន្ទីរសុរិយោដីខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។
នាព្រឹកថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរង នៃគណៈអភិបាលខេត្ដត្បូងឃ្មុំ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីបេីកការប្រកួតកីឡាសិស្សបឋម ជ្រេីសរេីសជេីងឯកថ្នាក់ខេត្ដប្រចាំឆ្នាំ២០២៣-២០២៤ នៅបរិវេនទីលានបាល់ទាត់វិទ្យាល័យសម្ដេចតេជោហ៊ុនសែនសួង សង្កាត់សួង ក្រុងសួង ខេត្ដត្បូងឃ្មុំ។
ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកជំងឺកំពុងសម្រាកព្យាបាល ក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ព្រមទាំងក្រុមគ្រូពេទ្យវះកាត់អង្គការបេះដូងជប៉ុន ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ហ៊ីដេតូ យ៉ូស៊ីអូកា (Dr.Hideto Yoshioka) ជាស្ថាបនិកអង្គការបេះដូងជប៉ុនប្រចាំនៅកម្ពុជា ដែលបានមកពិនិត្យ ព្យាបាល និងវះកាត់ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ និងតំបន់ជុំវិញស្រុក រួមមាន ខេត្តក្រចេះ ខេត្តកំពង់ចាម នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជាប្រធានគណបញ្ជាការឯកភាពខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការបញ្ឈប់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងបង្រ្កាបរាល់ល្បែងស៉ីសងខុសច្បាប់ និងគ្មានការអនុញ្ញាតគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅសាលប្រជុំ (ក)សាលាខេត្តត្បូងឃ្មុំ។
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកតា ហាតមុត ជីស៊ិកេ ប្រធានមូលនិធិគីមចាន អញ្ជើញជាអធិបតី កម្មវិធីសម្ពោធ អគារសិក្សាថ្មី និងសមិទ្ធផលនានានៅក្នុងសាលាចំនួន៤១សាលា ដែលឧបត្ថម្ភគាំទជំនួយពីមូលនិធិគីនចាន "គម្រោងកុមារកម្ពុជារីករាយ និងការផ្តល់នូវលិខិតថ្លែងអំណរគុណជូនដល់អង្គការម្ចាស់ជំនួយ និងដៃគូរប្រតិបតិ្តគម្រោង" នៅបរិវេណសាលាបឋមសិក្សាឈើខ្លឹម ស្ថិតនៅឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក សៅ វណ្ណា នាយកប្រតិបត្តិ អង្គការខេប និងសហការី លោក អភិបាល-អភិបាលរង នៃគណៈអភិបាលស្រុកមេមត់ ពញាក្រែក និងតំបែរ តំណាងប្រតិភូមកពីខេត្តក្រចេះ រតនគីរី និងសៀមរាប និងសាលារៀនចំនួន៤១ សាលា លោក-លោកស្រីប្រធានការិយាល័យអយកស្រុក មេមត់ ពញាក្រែក តំបែរ មេឃុំ លោកគ្រូ-អ្នកគ្រូ តំណាងមាតាបិតាសិស្ស សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធយ៉ាងច្រើនកុះករ។
អត្ថបទ &រូបភាព ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៧ តុលា ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន
ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលមានរបៀបវារៈសំខាន់ៗ ចំនួន៤៖
១. សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី "ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ" ។
២. សេចក្តីព្រាងច្បាប់ស្តីពី "ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤" ។
៣. សេចក្តីព្រាងច្បាប់ស្តីពី "ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២" ។
៤. បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពី "ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម" ។
រាជធានីភ្នំពេញ, ព្រឹកថ្ងៃអង្គារ ទី១០ តុលា ២០២៣ុ៖ជាកិច្ចចាប់ផ្តើម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនិស្សិត ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតក្នុងការវាយប្រហាររវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ ហើយជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតដែលកំពុងសិក្សា និងស្នាក់នៅប្រទេសអ៊ីស្រាអែលថា «សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិត គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល ហើយគ្រប់ភាគីពាក់ព័ន្ធបាននឹងបន្តខិតខំតាមដានទាំងយប់ទាំងថ្ងៃ ជាប់ជាប្រចាំ ដើម្បីធានាផ្តល់នូវការការពារ និងសុខសុវត្ថិភាពជូននិស្សិត និងប្រជាពលរដ្ឋរបស់កម្ពុជាយើង» ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធថា ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ សុទ្ធតែផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និងជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលទាំងក្នុងអាណត្តិកន្លងទៅ និងអាណត្តិទី៧ នេះ។ ដូចនេះ រាជរដ្ឋាភិបាលខិតខំយកអស់កម្លាំងកាយចិត្តក្នុងការយកចិត្តទុកដាក់ គិតគូរធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងលទ្ធភាពជួយដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានទាន់ពេលវេលា ស្របតាមគោលដៅអនុវត្តមុនដំណាច់ឆ្នាំ ២០២៣ ។
តាមទស្សនៈវិស័យនេះ, សេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចូលរួមជួយក្នុងទិដ្ឋភាព ៣យ៉ាង រួមមាន៖ ១) ជួយកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម, ២) ជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ និង ៣) ជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ»។
សម្តេចធិបតី ក៏បានលើកទ្បើងផងដែរថា ដើម្បីផ្តល់នូវការធានា និងលើកទឹកចិត្តដល់ប្រជាជនដែលប្រកបរបរមានលក្ខណៈតូច និងមធ្យម ហើយស្ថិតក្រៅប្រព័ន្ធ អាចចូលរួមក្នុងការចុះបញ្ជី និងរួមចំណែកក្នុងការអនុវត្តគោលនយោបាយបាន, រាជរដ្ឋាភិបាលបានដាក់ចេញនូវការអនុគ្រោះដែលជាអត្ថប្រយោជន៍ជាច្រើនជូនដល់សហគ្រាសធុនតូច និងមធ្យម មានជាអាទិ៍៖
១)ផ្តល់ការលើកលែងការផាកពិន័យ និងបំណុលទាំងអស់ក្នុងឆ្នាំ២០២៣-២០២៨ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក ដើម្បីបើកផ្លូវឱ្យសហគ្រាសដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចធ្វើអន្តរកាល និងចាប់ផ្តើមអាជីវកម្មថ្មីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដោយមិនមានការព្រួយបារម្ភ។
២)ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ ដោយលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាព។
៣)ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ តាមរយៈការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបានបំពេញ អនុលោមភាពកន្លងមកមុនការចុះបញ្ជី លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាពនៅពេលចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល២ឆ្នាំ ក្រោយការចុះបញ្ជី។
៤)ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៥ តាមរយៈការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី។
៥)ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥ តាមរយៈការលើកលែងការបង់ពន្ធប៉ាតង់សម្រាប់រយៈពេល ២ឆ្នាំ បន្ទាប់ពីទទួលបានការសម្រេចឱ្យចុះបញ្ជី។
៦)កាត់បន្ថយថ្លៃសេវាសម្រាប់ការផ្តល់សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស និងការចុះបញ្ជិកាសៀវភៅ បញ្ជីប្រចាំគ្រឹះស្ថាន និងសៀវភៅបើកប្រាក់ខែ សម្រាប់សហគ្រាសដែលមានចំនួនកម្មករ និយោជិតតិចជាង ៨នាក់,
៧)ពង្រឹងយន្តការស្វ័យត្រួតពិនិត្យ និងពង្រឹងការអនុវត្តយន្តការក្រុមអធិការកិច្ចអន្តរក្រសួង នៅថ្នាក់ជាតិ ដើម្បីធានាការចុះធ្វើអធិការកិច្ចរួមគ្នាក្នុងពេលតែមួយនិងមួយលើកក្នុងមួយឆ្នាំ។
៨)រៀបចំការចុះត្រួតពិនិត្យ ឬធ្វើអធិការកិច្ចរួមគ្នាក្នុងពេលតែមួយនិងតែមួយលើកក្នុងមួយឆ្នាំ នៅថ្នាក់ក្រោមជាតិ សម្រាប់គ្រប់សហគ្រាសដែលបានឬមិនទាន់បានចុះបញ្ជី ឬស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗ និង៩) រៀបចំបង្កើតបទដ្ឋានគតិយុត្ត ក្របខ័ណ្ឌ និងយន្តការ ដែលផ្តល់ស្ថានភាពស្របច្បាប់(Legal Status) ជាសហគ្រាសធុនមីក្រូនិងតូច(MSEs) ដោយភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ ដូចជាការលើកលែងការបង់ថ្លៃសេវារដ្ឋបាលនានា សម្រាប់រយៈពេល ៥ឆ្នាំ ជាដើម។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមផងដែរថា ដើម្បីទទួលបានជោគជ័យ ក្នុងអនុវត្តយុទ្ធសាស្ត្រជាតិនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវអាទិភាពជាយុទ្ធសាស្ត្រ ៥ ចំណុច ដូចជា៖
ទី១)កំណត់កែសម្រួលនិងរៀបចំយន្តការដែលបង្កលក្ខណៈងាយស្រួលដើម្បីឈានចូលក្នុងប្រព័ន្ធ៖រាជរដ្ឋាភិបាលនឹងពង្រឹងយន្តការគ្រប់គ្រង និងភាពប្រទាក់ក្រឡារវាងវិធានការដែលត្រូវអនុវត្តដោយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានាសង្គតិភាព និងប្រសិទ្ធភាពក្នុងការអនុវត្ត និងការកែសម្រួលនីតិវិធីឱ្យបានជាអតិបរមា។
ទី២)រាជរដ្ឋាភិបាលនឹងកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាពឱ្យបានជាអតិបរមា, បញ្ចៀសនូវការបង្កើតបទដ្ឋានគតិយុត្តច្រើន និង ធានានូវភាពអាចប៉ាន់ប្រមាណបាន សម្រាប់ការប្រកបមុខរបរ និងធ្វើការងារ។
ទី៣)ផ្តល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ៖ រាជរដ្ឋាភិបាល នឹងពង្រីក និង ពង្រឹងវិសាលភាពនៃមូលនិធិសមធម៌សុខាភិបាល ព្រមទាំងផ្តល់ការគាំទ្រផ្នែកសុវត្ថិភាពការងារ សំដៅធានាផ្តល់នូវការគាំពារសុខភាព ដល់ក្រុមអាទិភាពដើម្បីឱ្យមានលទ្ធភាពនិងអាចរស់នៅក្នុងប្រព័ន្ធ ក្នុងកម្រិតជីវភាពមួយសមរម្យ និងមិនធ្លាក់ចូលទៅក្នុងភាពក្រីក្រ ឬទទួលរងហានិភ័យខាងជីវភាព ។
ទី៤)រាជរដ្ឋាភិបាល នឹងលើកកម្ពស់គុណភាព និងភាពងាយស្រួលក្នុងការទទួលបានសេវាសាធារណៈនិងការគាំទ្រផ្សេងៗ, ការពង្រឹងការបណ្តុះបណ្តាលជំនាញ, ការបង្កើតលទ្ធភាពស្វែងរកទីផ្សារ ជាដើម ក្នុងគោលដៅជំរុញឱ្យអ្នកដែលបានឈានចូលក្នុងប្រព័ន្ធរីកធំធាត់ និងអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
ទី៥)រាជរដ្ឋាភិបាល នឹងពង្រីក និងពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ, និងការលើកកម្ពស់ការយល់ដឹង អំពីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ព្រមទាំងការយល់ដឹងអំពីអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ។ ទន្ទឹមគ្នានេះរាជរដ្ឋាភិបាលក៏នឹងជំរុញការរៀបចំសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងការចូលរួមក្នុងការរៀបចំគោលនយោបាយផ្សេងៗ ។
នាព្រឹក ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣៖ រដ្ឋបាលខេត្តត្បូងឃ្មុំ កំពង់ចាម និងក្រចេះ រួមគ្នាប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគុន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលប្រព្រឹត្តទៅនៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
រូបភាព&អត្ថបទ ៖រដ្ឋបាលខេត្តត្បូងឃ្មុំ
ព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្ដុះបណ្ដាលរំលឹក ស្ដីពី ការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម០២ឆ្នាំ ដល់មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធទាំងអស់ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅនៅសាលប្រជុំ ធំ សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា ខេត្ត លោក សាន ផារ៉ន ប្រធានអង្គភាពសាវនកម្មផ្ទៃក្នុង នៃមូលនិធិជាតិជំនួយសង្គម កងកម្លាំងទាំង បី ប្រភេទ លោក- លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការជំនាញ ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត តំណាងប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរផែនការ ខេត្ត តំណាងអង្គការយូនីសេហ្វ(UNICEF)ប្រចាំតំបន់ អភិបាល-អភិបាលរង ក្រុង/ស្រុកមេឃុំ ចៅសង្កាត់ និងមន្ត្រីទទួលបន្ទុកកម្មវិធីឃុំ/សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធរណៈទាំង ៧ ក្រុង/ស្រុក ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប ។
អត្ថបទ &រូបភាព៖មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល ថ្លែងអំណរគុណ និងលើកទឹកចិត្ត លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ប្រមាណជាង៦៥០នាក់។
នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣៖ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ប្រមាណជាង៦៥០នាក់ ក្នុងខេត្តត្បូងឃ្មុំ។
ក្នុងពិធីសំណេះសំណាល នាឱកាសនោះ ធ្វើឡើងនៅសាលប្រជុំ(ធំ)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ប្រភពពី៖មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
ដើម្បីចំរាញ់យកក្រុមកីឡាករ កីឡាការីនី មានសមត្ថភាព បច្ចេកទេសខ្ពស់ ទេពកោសល្យ ត្រៀមចូលរួមប្រកួតកីឡាសិស្សបឋម និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ជាតិ មន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំសិក្សា២០២២-២០២៣ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនា នៅបរិវេណទីលានបាល់ទាត់ក្រុងសួង ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ់អស់រយៈពេល០៥ថ្ងៃរួចមក នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ៖ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានចូលរួមប្រារព្ធពិធីបិទ "ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំសិក្សា២០២២-២០២៣"ក្នុងនោះក៏មានការអញ្ជើញចូលពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមកីឡាករ កីឡាការីនី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
អត្ថបទ និងរូបភាពពី៖រដ្ឋបាលខេត្តត្បូងឃ្មុំ
នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបើកការដ្ឋានសាងសង់អគារសិក្សា ១ ខ្នងនៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតក្នុងឃុំចកស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ។
សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍លើកឡើងថា "វិស័យអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ" ។សម្តេចបន្តថាហេតុនេះហើយទើបនៅគ្រប់ឃុំ សង្កាត់ ស្រុក មិនថានៅទីប្រជុំជន ឬទីជនបទដាច់ស្រយាល រាជរដ្ឋាភិបាលបានរៀបចំឱ្យមានសាលារៀនចាប់តាំងពីកម្រិតមតេ្តយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ និងស្ទើរតែគ្រប់ខេត្ត-ក្រុង មានរហូតដល់កម្រិតសាកលវិទ្យាល័យ។ ជាក់ស្តែងនៅមូលដ្ឋានឃុំចកស្ថិតក្នុង ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំនេះជាដើម។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា វិស័យអប់រំដែលជាវិស័យគន្លឹះ និងអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាល ដែលទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងទៅអនាគតដោយបានដាក់ចេញ និងកំណត់យ៉ាងច្បាស់ នូវគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍជាតិ ដែលក្នុងនោះរួមមាន “មនុស្ស ទឹក ផ្លូវ ភ្លើង និងការបង្ខិតសាលារៀន” ឱ្យទៅជិតនឹងប្រជាពលរដ្ឋ។
អត្ថបទ និងរូបភាពពី៖រដ្ឋបាលខេត្តត្បូងឃ្មុំ
សូមអនុមោទនា! ពិធីបុណ្យវិសាខបូជា នៅវត្តវិហារទន្ទឹម បានប្រារព្ធពិធីដង្ហែព្រះពុទ្ធរូបជុំវិញទីប្រជុំជន ក្រុងសួង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ។
(ពិភពលោក)៖ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលរំពឹងថានឹងមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតទាំង១៦ប្រទេសក្នុងឆ្នាំ២០២៣នេះដោយឈរនៅចំណាត់ថ្នាក់ទី១៤។នេះបើយោងតាមសេចក្តីរាយការណ៍របស់គេហទំព័រ Finance.yahoo.com កាលពីចុងសប្តាហ៍មុន។
គេហទំព័រ Finance.yahoo.com បានរាយការណ៍ថាផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាមានទំហំ ២៦,៩៦ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ហើយសមភាពកម្លាំងទិញ (PPP) បានកើនឡើងដល់ ៧៥ពាន់លាន ដុល្លារគិតត្រឹមដំណាច់ឆ្នាំ២០២២កម្ពុជាបានបង្ហាញសញ្ញាណនៃការស្ទុះងើបសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ដោយមានកត្តាជំរុញជាប្រចាំរបស់ខ្លួនពោលគឺការនាំចេញទំនិញផលិតកម្មនិងទំនិញសិកម្ម បានស្ទុះងើបឡើងវិញពេញលេញ។
ក្នុងឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើង ៥,៨% ដែលជាមួយនឹងកំណើននេះ កម្ពុជាឈរនៅចំណាត់ថ្នាក់ទី១៤ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ១៦ ផ្សេងទៀតដែលមានសេដ្ឋកិច្ចកើនឡើង លឿនបំផុតក្នុងពិភពលោក។
Finance.yahoo.com បានឱ្យដឹងទៀតថា នៅឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោកបានប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរជាច្រើន រួមទាំងជំងឺរាតត្បាតកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែនដែលនាំឱ្យមានវិបត្តិស្បៀងអាហារ និងថាមពល អតិផរណាខ្ពស់ ការរឹតបន្តឹងបំណុល និងគ្រោះអាសន្នអាកាសធាតុ។ បញ្ហាប្រឈមទាំងនេះបានប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំងបំផុត ដោយសារប្រទេសទាំងនេះពឹងផ្អែកលើឥណទានសកល ដែលមានតម្លៃថោកដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ទោះជាយ៉ាងណា ប្រទេសជាច្រើននៅក្នុងបញ្ជីប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសេដ្ឋកិច្ចកើនឡើងលឿនបំផុតនៅលើពិភពលោកនេះ បានធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើវិស័យតែមួយ ដូចជាប្រទេសចិន និងឥណ្ឌា ដែលបានធ្វើពិពិធកម្មផ្នែកផលិតកម្ម និងសេវាកម្ម។ ប្រទេសរវ៉ាន់ដាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ វិស័យ ICT និងវិស័យផលិតកម្ម ខណៈដែលក៏វិនិយោគលើវិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ ដែលជួយឱ្យមានអត្រាកំណើន GDP កើនឡើង ៨% នៅឆ្នាំ២០២២។
ការបង្កើតបញ្ជីប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសេដ្ឋកិច្ចកើនឡើងលឿនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៣ នេះមានមូលដ្ឋានលើនិយមន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់បណ្តាប្រទេសកំពុង អភិវឌ្ឍន៍ ហើយបានដាក់ចំណាត់ថ្នាក់ប្រទេសទាំងនេះដោយផ្អែកលើការព្យាករអំពីកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំ២០២៣ ដោយមូលនិធិ IMF។ ប្រទេសដែលមាន GDP តិចជាង ១ពាន់លានដុល្លារ មិនត្រូវបានរាប់បញ្ចូល ក្នុងការគណនានេះទេ ដោយសារប្រទេសទាំងនោះត្រូវបានគេចាត់ទុកថាមិនមានភាពសំខាន់ខាងផ្នែកសេដ្ឋកិច្ចក្នុងកម្រិតពិភពលោកទោះបីជាប្រទេសទាំងនោះកំពុងអភិវឌ្ឍក្នុងល្បឿនលឿនក៏ដោយ។បញ្ជីនេះក៏ត្រូវបានបង្កើត ឡើងដោយផ្អែកជាចម្បងលើទិន្នន័យពីធនាគារ ពិភពលោកផងដែរ។
យោងតាមគេហទំព័រ Finance.yahoo.com ប្រទេស១៦ ដែលរំពឹងថានឹងមានកំណើនសេដ្ឋកិច្ចលូតលាស់លឿននៅឆ្នាំ២០២៣នេះ រួមមាន ប្រទេសអ៊ូហ្គង់ដាជាប់ចំណាត់ថ្នាក់ទី១៦ (៥,៧%) វៀតណាមទី១៥ (៥,៨%) កម្ពុជាទី១៤ (៥,៨%) ឥណ្ឌាទី១៣ (៥,៩%) ហ្វីលីពីនទី១២ (៦%) បេណាំងទី១១ (៦%) នីហ្សេទី១០ (៦,១%) អេត្យូពីទី៩ (៦,១%) រវ៉ាន់ដាទី៨ (៦,២%) កូតឌីវ័រទី៧ (៦,២%) សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោទី៦ (៦,៣%) ហ្វ៊ីជីទី៥ (៧%) ម៉ាល់ឌីវទី៤ (៧,២%) សេណេហ្គាល់ទី៣ (៨,៣) លីប៊ីទី ២ (១៧,៥%) ហ្គីយ៉ានទី១ (៣៧,៥%)៕
នៅព្រឹក ថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មី ដែលនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ មានអគារធំៗចំនួន ២ ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០កន្លងទៅនេះ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានទំហំប៉ុនគ្នា កម្ពស់ ៤ ជាន់ ស្មើ ១៥,១០ ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជាន់ទី ១ ជាន់ទី ២ ជាន់ទី ៣។
មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីនេះ ត្រូវបានសាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកចាស់ និងមានការបំពាក់នូវសម្ភារបរិក្ខារពេទ្យទំនើបៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រានី ហ៊ុនសែន ហើយដឹកនាំការសាងសង់ដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។
សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរជាមួយសមិទ្ធផលថ្មីនៅលើទឹកដីក្រូចឆ្មារ ខេត្តត្បូងឃ្មុំនេះ គឺអគារមន្ទីរពេទ្យដ៏ធំសម្រាប់បម្រើវិស័យសុខាភិបាលនៅទីនេះ។សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានកោតសរសើរផងដែរដល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានប្រឹងប្រែងដឹកនាំកសាងមន្ទីរពេទ្យដ៏ធំនៅក្នុងស្រុកក្រូចឆ្មារនេះ។ការប្រឹងប្រែងសាងសង់មន្ទីរពេទ្យនេះ គឺជាកិច្ចប្រឹងប្រែងមួយក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ មិនត្រឹមតែបំរើសេវាសុខាភិបាលនៅក្នុងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបម្រើប្រជាពលរដ្ឋនៅខេត្តផ្សេងៗដែលនៅជិតនេះបានផងដែរ។
សម្តេចតេជោបានមានប្រសាសន៍ទៀតថា ស្រុកក្រូចឆ្មារពីមុនជាតំបន់ដាច់ស្រយាល និងមិនមានប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ច្រើននោះទេ ដែលពេលនោះ អ្នកជំងឺខ្លះពេលសង្គ្រោះបន្ទាន់ត្រូវរកសេវាព្យាបាលនៅកន្លែងឆ្ងាយ ដែលធ្វើអោយមានការលំបាកយ៉ាងខ្លាំង។
សម្តេចតេជោបានមានប្រសាសន៍ថា ជំងឺកូវីដ១៩ បានដាស់តឿនស្មារតីឱ្យយើងប្រុងប្រយ័ត្នជានិច្ច ក្នុងការការពារសុខភាពប្រជាជន។ នៅពេលមានកូវីដ១៩ រាជរដ្ឋាភិបាលយើងបានពង្រឹងសមត្ថភាពការព្យាបាលជំងឺនៅគ្រប់ទីកន្លែងទាំងអស់។សម្តេចតេជោបានមានប្រសាសន៍ថា មនុស្សយើងអាចមានពណ៌សម្បុរ សាសនា និងនយោបាយខុសគ្នា ប៉ុន្តែមានតម្រូវការរួម គឺការពិនិត្យព្យាបាលជំងឺ ហើយសន្តិភាព ក៏ជាតម្រូវការរួមផងដែរ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅកាន់អ្នកគ្រប់គ្រង និងគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថា ការសាងសង់មន្ទីរពេទ្យ និងបំពាក់បរិក្ខារជាការលំបាកមួយទៅហើយ ប៉ុន្តែការធ្វើឱ្យមន្ទីរពេទ្យធានាបាននិរន្តរភាព គឺរឹតតែលំបាកទៀត។
នៅថ្ងៃនេះ តបតាមការស្នើសុំរបស់លោកគ្រូ អ្នកគ្រូ ដែលបង្រៀនសិស្សានុសិស្សនៅស្រុកនេះ សម្តេចតេជោ បានសម្រេចផ្តល់អគារសិក្សា ១ខ្នង ៣ជាន់ ៣០បន្ទប់ និងកន្លែងសម្រាប់សិស្ស និងគ្រូ ២០បន្ទប់ ដល់វិទ្យាល័យប៉ើស២ នៅស្រុកក្រូចឆ្មារ។ ជាមួយនោះដែរ សម្តេចតេជោក៏បានសម្រេចផ្តល់អគារសិក្សា ១ខ្នង ៣ជាន់ ១៥បន្ទប់ ជូនសាលាបឋមសិក្សាអំពិល ដែលស្ថិតនៅក្នុងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នេះដូចគ្នា។ សម្តេចតេជោ រំពឹងថា អ្នកស្រុកក្រូចឆ្មារ នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍឱ្យមានការរីកចម្រើនតទៅមុខទៀត។ សម្តេចតេជោបានថ្លែងថា ដរាបណា គណបក្សប្រជាជនកម្ពុជា នៅដឹកនាំប្រទេស គឺនឹងបន្តធានាបានសុខសន្តិភាព និងការអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រសម្តីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហាមមិនឱ្យមហាអំណាចលូកដៃចូលកិច្ចការប្រទេសអាស៊ាន។ សសម្តេចតេជោបានមានប្រសាសន៍ថា ឆ្នាំនេះជាខួប ៤៥ឆ្នាំ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាកម្លាំងប្រដាប់ដែលសម្តេចបង្កើតឡើង ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ជាមួយនឹងការប្រកាស និងអញ្ជើញកាន់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់នៅមន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ៕
(ភ្នំពេញ)៖ រយៈពេល២ខែ ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានជិត ៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។
របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបរយៈពេល២ខែ ឆ្នាំ២០២៣ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៧៩,៣៦៩,៧១០ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៧៩,០៦២,៤១៤ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៣០៧,២៩៦ដុល្លារ។
ចំពោះបរិមាណ នៃការនាំចេញរយៈពេល២ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ៥៨,៥៩០តោន បានកើនឡើងចំនួន១០,១៨១តោន ស្មើនឹង២១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន១,៣៦១ម៉ែត្រគូប។
បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម នៅរយៈពេល២ខែ ឆ្នាំ២០២៣ ថ្លៃ១,៣៤៩ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន២៣៦ដុល្លារ ក្នុងមួយតោន ស្មើនឹង១៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
គិតត្រឹមរយៈពេល២ខែ ឆ្នាំ២០២៣ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥,៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។
គូសបញ្ជាក់ថា ឆ្នាំ២០២២ កម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧,៧៧៤,៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤,០៨៩,២៧៣ដុល្លារ៕
(ដូហា)៖ ក្នុងនាមជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញថ្លែងសន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំពេញអង្គនៃសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅទីក្រុងដូហា ប្រទេសកាតា ក្រោមប្រធានបទ៖ «Leaving No One Behind»។
ជាកិច្ចចាប់ផ្ដើមនៃសន្ទរកថាគន្លឹះនេះ លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ បានថ្លែងថា ប្រទេសកម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ដែលអាចត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ LDC ហើយនឹងត្រូវបានវាយតម្លៃម្តងទៀតនៅដើមឆ្នាំ២០២៤ ហើយកម្ពុជាអាចចាកចេញពីចំណាត់ថ្នាក់ LDC នៅចុងឆ្នាំ២០២៧ ប្រសិនបើអ្វីៗដំណើរការដោយរលូន ដែលការចាកចេញនេះ ស្របនឹងមហិច្ឆតារាជរដ្ឋាភិបាល ក្នុងការនាំកម្ពុជាឱ្យឈានដល់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទោះជាយ៉ាងណាក៏ដោយការចាកចេញពីចំណាត់ថ្នាក់ LDCនេះ នឹងនាំមកជាមួយបញ្ហាប្រឈមពាក់ព័ន្ធនឹង ការបាត់បង់អត្ថប្រយោជន៍ និងប្រព័ន្ធអនុគ្រោះមួយចំនួនដែលយើងកំពុងទទួលបាននាពេលបច្ចុប្បន្ន។
បន្ថែមពីនេះលោករដ្ឋមន្ដ្រី ក៏បានលើកឡើងអំពីការអនុម័ត និងការអនុវត្តផែនការសកម្មភាពទីក្រុងដូហា (DPoA) ដែលនឹងមានសារៈសំខាន់ក្នុងការធ្វើឱ្យដំណើរចាកចេញនេះមានភាពរលូន និងជួយពន្លឿនការសម្រេចបាននូវ SDGs របស់កម្ពុជា និងបំពេញបន្ថែមដំណាក់កាលបន្ទាប់នៃក្របខ័ណ្ឌផែនការអភិវឌ្ឍន៍របស់កម្ពុជា ពោលគឺផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិឆ្នាំ២០២៤-២០២៨។ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាអនុវត្តផែនការសកម្មភាពទីក្រុងដូហា ដោយភ្ជាប់ខ្លួននឹងការវិនិយោគលើវិស័យសុខាភិបាល ការអប់រំ ប្រព័ន្ធគាំពារសង្គម និងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ការធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យមានលក្ខណៈប្រសើរឡើង រួមបញ្ចូល ភាពធន់ និងនិរន្តរភាព ជំរុញសេដ្ឋកិច្ចបៃតង និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។
ជាមួយគ្នានេះលោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ ក៏បានបញ្ជាក់អំពីតម្រូវការក្នុងការពង្រីកប្រភពហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍដោយវិធីពង្រីកដៃគូពាណិជ្ជកម្មកម្ពុជា បើកបណ្តាញសហប្រតិបត្តិការថ្មី ការស្វែងរកឧបករណ៍ហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងការពង្រឹងយន្តការហិរញ្ញប្បទានបៃតង។
ឆ្លៀតក្នុងឱកាសនោះលោករដ្ឋមន្ដ្រី បានលើកយកផែនការសកម្មភាពជាគន្លឹះទាំង៦ នៃ DPoA ដែលមានដូចជា (១) ការវិនិយោគលើមនុស្សក្នុងប្រទេស LDCs; (២)ការប្រើប្រាស់វិទ្យាសាស្ដ្រ, បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីទប់ទល់នឹងភាពទន់ខ្សោយនិងសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព; (៣)គាំទ្រការកែទម្រង់ស្ថាប័នឱ្យក្លាយជាចលករនៃភាពចម្រើនរុងរឿង; (៤)លើកម្ពស់ពាណិជ្ជកម្មអន្តរជាតិនៃប្រទេស LDCs និងសមាហរណកម្មតំបន់; (៥)ដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ការបំផ្លាញបរិស្ថាន និងផលប៉ះពាល់នៃ Covid-19 ព្រមទាំងការកសាងភាពធន់នឹងវិបត្តិនានា, និង (៦)ពង្រឹងសាមគ្គីភាពអន្ដរជាតិ និងភាពជាដៃគូពិភពលោក។
លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាលកម្ពុជា កោតសរសើរចំពោះការគាំទ្រពីម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់ការសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់នៃការចាកចាញពីប្រទេសពី LDC ហើយទន្ទឹមនឹងនោះ កម្ពុជាអញ្ជើញសហគមន៍អន្តរជាតិឱ្យគាំទ្រ និងពន្លឿនវឌ្ឍនភាពនៃ SDGs ដែលស្នើឡើងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ដូចជាជួយជំរុញឱ្យប្រទេស LDCs ចាកចេញពីចំណាត់ថ្នាក់ LDCs ប្រកបដោយជោគជ័យ និងការអភិវឌ្ឍប្រកបដោយនិរន្ដរភាព៕
ប្រភព៖Fresh News
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល ចង់ប្រែក្លាយកម្ពុជា ទៅជាប្រទេសកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីដ៏ខ្លាំងក្លាមួយ ព្រោះថា បច្ចុប្បន្នកម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីស្រស់១លានតោន ដែលមិនទាន់កែច្នៃ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង៥ពាន់នាក់ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ទៅមុខបើកម្ពុជាមានលទ្ធភាព កម្ពុជាអាចក្លាយទៅជាប្រទេសដែលចែកចាយ នូវគ្រាប់ស្វាយចន្ទី ដែលសឹងនឹងក្លាយ ទៅជាអ្នកខ្លាំងមួយ ក្នុងចំណោមអ្នកខ្លាំង នៃការចែកចាយ ព្រោះមួយឆ្នាំកម្ពុជា នាំចេញគ្រាប់ស្វាយចន្ទី ដែលមិនទាន់កែច្នៃ១លានតោន...យើងកែច្នៃខ្លួនឯងបានតិចតួចណាស់ ដែលយកមកតាំងពិព័រណ៍លក់»។
ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅពេលខាងមុខនេះ រាជរដ្ឋាភិបាលកំពុងតែទាក់ទាញនូវអ្នកវិនិយោគ ដែលចូលមកកាន់ប្រទេស នូវគោលនយោបាយឧស្សាហកម្ម ហើយសម្ដេចតែងតែប្រាប់មិត្តភក្តិបរទេស និងអ្នកវិនិយោគបរទេស ឲ្យផ្ដោតការយកចិត្តទុកដាក់ សម្រាប់មកវិនិយោគនៅកម្ពុជា។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងថា វៀតណាម និងឥណ្ឌា គឺជាប្រទេស ដែលនាំចែកចាយគ្រាប់ស្វាយចន្ទី ទៅកាន់ច្រើនកន្លែងទៅពិភពលោក ប៉ុន្ដែវៀតណាម ទៅដឹកនាំគ្រាប់ស្វាយចន្ទី ពីប្រទេស អាហ្វ្រិកមួយចំនួន យកមកកែច្នៃ ហើយក៏មានមួយផ្នែក កម្ពុជាក៏ត្រូវពឹងពាក់លើទីផ្សារវៀតណាម ដើម្បីនាំចេញគ្រាប់ស្វាយចន្ទី ហើយឥណ្ឌាក៏ដូចគ្នា មួយផ្នែកដាំក្នុងស្រុក និងមួយផ្នែកទៀតនាំចូល។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមានវត្ថុធាតុដើម ក៏ប៉ុន្តែការកែច្នៃមិនទាន់មានគ្រប់ ដូច្នេះកម្ពុជា ចង់ទាក់ទាញអ្នកវិនិយោគមកកែច្នៃវត្ថុធាតុដើម ដែលមានក្នុងស្រុក ហើយចំណុច គឺជាចំណុច ដែលវានឹងបង្កើតបានការងារធ្វើ និងបង្កើតបានតម្លៃបន្ថែម សម្រាប់ផលិតកម្មរបស់យើង។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមានសព្វថ្ងៃនេះ គឺអង្ករ-ស្រូវមិនទាន់បានកែច្នៃ អស់នៅឡើយទេ ជាមួយនឹងការផលិតដែលនៅសល់ កាលពីឆ្នាំ២០២២កន្លងទៅ ចំនួន៦.៦លានតោនស្រូវ គិតជាអង្ករ ៤.២លានតោន ដែលលើសតម្រូវការ។
សម្ដេចបន្ដថា គោលនយោបាយផលិតកម្មស្រូវ និងការនាំចេញអង្ករ ជោគជ័យមួយក្នុងចំណោម២ គឺជោគជ័យដែលខ្វះអង្ករ-ស្រូវបរិភោគ ទៅជាប្រទេស ដែលអធិរាជស្រូវ-អង្ករ ប៉ុន្ដែមិនជោគជ័យ ក្នុងការនាំចេញ១លានតោន ដោយនាំចេញបានចន្លោះពី៥០ម៉ឺនតោន ទៅ៦០ម៉ឺនតោន តែប៉ុណ្ណោះ ដោយសារខ្វះមូលដ្ឋានអំពីការកែច្នៃ ទាក់ទងនឹងរោងម៉ាស៊ីនកិនស្រូវ, ឡសម្ងួត និងដើមទុន។
លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្ពុជាមានកៅស៊ូច្រើន ប៉ុន្ដែនាំចេញ ដោយកែច្នៃក្នុងស្រុកមិនមានច្រើននោះទេ និងដំឡូងមី គឺនាំចេញគ្រាន់តែកាត់ជាកង់ៗ ប្រមាណជិត២០លានតោន ដោយឡែកចំពោះអំពៅ បានកែច្នៃអំពៅទៅស្ករសក្នុងស្រុក ប៉ុន្តែសម្រាប់ផ្នែកខ្លះទៀត គឺនាំចេញវត្ថុធាតុដើម។
នាយករដមន្ដ្រីនៃកម្ពុជា បានបន្ថែមទៀតថា ការនាំចេញរបស់យើង អាចនាំចេញកែច្នៃ ទៅកាន់ទីផ្សារគោលដៅ ព្រោះថា វាចែកចាយទៅតាមតំបន់ទេសចរណ៍នានា នៃប្រទេសនានា ដែលត្រូវការ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើសិនជាកម្ពុជា អាចនឹងជំរុញទាក់ទាញវិនិយោគ សម្រាប់វិស័យឧស្សាហកម្មកែច្នៃវត្ថុធាតុដើមក្នុងស្រុក គឺផ្ដល់ឱកាសឲ្យកសិករដាំដុះ ហើយមានទីផ្សារ និងរោងចក្រ ហើយបានដោះស្រាយបញ្ហាការងារ និងផ្តល់នូវតម្លៃ សម្រាប់ផលិតផលរបស់យើង។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរ ក្នុងឱកាសដែលសម្ដេច អញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិ លោក ស៊ី ជីនភីង ប្រធានាធិបតីចិន នៅពេលបរិភោគអាហារ គឺលោកបានលើកគ្រាប់ស្វាយចន្ទី ដែលនាំពីប្រទេសកម្ពុជា លើកយកបង្ហាញក្នុងពេលនោះទៀតផង។
សូមជម្រាបថា បើតាមរបាយការណ៍ របស់សមាគមស្វាយចន្ទីកម្ពុជា ក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារអន្តជាតិមានចំនួន ៦៧ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ១,០៧៧លានដុល្លារ ថយចុះ ៣៤.៦៥ភាគរយ។ ការថយចុះនេះ ដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុ។
របាយការណ៍ដដែលបញ្ជាក់ថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជាស្ទើរ១០០ភាគរយ បាននាំចេញទៅកាន់ប្រទេសវៀតណាម មានចំនួន៦៦ម៉ឺនតោន ថយចុះ៣៧ភាគរយ។ គ្រាប់ស្វាយចន្ទីស្ងួត មានតម្លៃចន្លោះពី ៥៥០០រៀលទៅ ៧២០០រៀល អាស្រ័យតាមគុណភាពគ្រាប់៕
ប្រភព៖Fresh News